ជំពូក 1
1 សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យនៃព្រះ តាមសេចក្ដីសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
2 ខ្ញុំផ្ញើមកធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
3 ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកអយ្យកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ
4 គឺនឹងចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំរឭកចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញជាសេចក្ដីអំណរឡើង
5 ដ្បិតខ្ញុំនឹងចាំពីសេចក្ដីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្ដីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង
6 ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ
7 ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ
8 ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ
9 ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយតម្រិះ និងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប
10 តែឥឡូវនេះ ទើបនឹងសម្ដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត និងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ
11 ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ដំណឹងល្អនោះ និងជាសាវក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ
12 គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង
13 ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
14 ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។
15 អ្នកដឹងដំណឹងថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ចោលខ្ញុំហើយ ក្នុងពួកគេ មានឈ្មោះភីកេល៉ុស និងហ៊ើម៉ូគេន
16 សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្ដីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលំហើយចិត្តខ្ញុំជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ
17 កាលគាត់នៅក្រុងរ៉ូម នោះគាត់ខ្នះខ្នែងរកខ្ញុំ ទាល់តែឃើញផង
18 សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។
ជំពូក 2
1 ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
2 ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ
3 ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ
4 ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ
5 ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ
6 ឯអ្នកធ្វើស្រែក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន
7 ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់។
8 ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់
9 ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ
10 ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង
11 ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ
12 បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ
13 បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។
14 ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ
15 ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
16 តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះនឹងនាំឲ្យចម្រើនសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងទេ
17 ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស និងភីលេត
18 ដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ
19 ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ
20 នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម្យ៉ាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសម្រាប់ការប្រសើរ ខ្លះសម្រាប់ការអាប់ឱនវិញ
21 ដូច្នេះ បើអ្នកណាបានសម្អាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សម្រាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សម្រាប់ការល្អគ្រប់ជំពូក។
22 ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ
23 កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចម្កួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ
24 ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង
25 ត្រូវប្រដៅតម្រង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ
26 ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។
ជំពូក 3
1 ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់
2 ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ
3 មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ
4 ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ
5 គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ
6 ដ្បិតមនុស្សទាំងនោះជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្ដីប៉ងប្រាថ្នាផ្សេងៗ
7 គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្ដីពិតឡើយ
8 គេជាអ្នកទាស់ទទឹងនឹងសេចក្ដីពិត បែបដូចជាយ៉ានេស និងយ៉ាមប្រេស បានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្ដីជំនឿ
9 ប៉ុន្តែ គេមិនមានសេចក្ដីចម្រើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្ដីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។
10 តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ
11 ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ និងសេចក្ដីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា ក៏ស្គាល់សេចក្ដីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ
12 ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ
13 ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង
14 តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា
15 ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង
16 គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត
17 ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ។
ជំពូក 4
1 ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក និងនគរទ្រង់ ថា
2 ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង
3 ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត
4 គេនឹងងាកត្រចៀកចេញពីសេចក្ដីពិត បែរទៅតាមរឿងព្រេងវិញ
5 តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្ដីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង
6 ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ
7 ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ
8 ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិត បម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។
9 ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់
10 ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា
11 មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ
12 ខ្ញុំបានចាត់អ្នកទីឃីកុស ឲ្យទៅឯក្រុងអេភេសូរ
13 ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម
14 ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ
15 ចូរឲ្យអ្នកប្រុងប្រយ័តនឹងគាត់ដែរ ដ្បិតគាត់បានទាស់ទទឹងនឹងពាក្យសំដីយើងជាខ្លាំងណាស់។
16 កាលខ្ញុំបានដោះសារជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្ដីនោះ ជាទោសដល់គេឡើយ
17 ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចម្រើនកម្លាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ
18 ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសម្រាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
19 សូមជម្រាបសួរដល់នាងព្រីស៊ីល និងអ្នកអ័គីឡា ព្រមទាំងពួកអ្នកផ្ទះអូនេសិភ័រផង
20 អ្នកអេរ៉ាស្ទុសបាននៅក្រុងកូរិនថូស ហើយខ្ញុំបានទុកអ្នកទ្រភីមចោល ទាំងឈឺនៅក្រុងមីលេត
21 ចូរខំប្រឹងទៅឲ្យបានដល់មុនរដូវរងា អ្នកអ៊ើប៊ូល៉ុស អ្នកពូដេន អ្នកលីណុស អ្នកក្លូឌាស ហើយពួកបងប្អូនទាំងអស់គ្នា សូមជម្រាបសួរដល់អ្នក។
22 សូមឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានគង់ជាមួយនឹងវិញ្ញាណអ្នក សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚