ជំពូក 1
1 សំបុត្រប៉ុលខ្ញុំ ជាបាវបម្រើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសេចក្ដីជំនឿដល់ពួករើសតាំងនៃព្រះ និងសេចក្ដីចេះដឹងខាងឯសេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ
2 ដោយសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប
3 តែនៅពេលកំណត់ នោះទើបបានសម្ដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង
4 ខ្ញុំផ្ញើមកអ្នកទីតុស ជាកូនពិតតាមសេចក្ដីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។
5 ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនិងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
6 គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ
7 ដ្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ
8 ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ងរ ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ
9 ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង
10 ដ្បិតមានមនុស្សជាច្រើន គឺក្នុងពួកអ្នកកាត់ស្បែកជាដើម ដែលរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស
11 ត្រូវតែបំបាត់មាត់គេ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក
12 មានពួកគេម្នាក់ គឺជាហោរារបស់ផងគេបានថា ពួកសាសន៍ក្រេតចេះតែភូតកុហក ជាសត្វព្រៃកំណាច ជាពួកល្មោភហើយកំជិល
13 សេចក្ដីបន្ទាល់នេះត្រូវណាស់ ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ
14 ឥតស្តាប់តាមរឿងទំនៀមនៃសាសន៍យូដា ឬតាមសេចក្ដីបញ្ញត្តរបស់មនុស្ស ដែលបែរចេញពីសេចក្ដីពិតនោះឡើយ
15 គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះឡើយ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ
16 គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតប្រយោជន៍អ្វីដល់ការល្អទាំងអស់។
ជំពូក 2
1 ចូរឲ្យអ្នកនិយាយតែសេចក្ដីណា ដែលសំណំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
2 ត្រូវទូន្មានឲ្យពួកចាស់ៗដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ងរ ឲ្យមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង
3 ឲ្យពួកស្ត្រីចាស់ៗ បានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ
4 ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដី និងកូនខ្លួន
5 ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ និងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។
6 ចូរទូន្មានពួកបុរស ដែលក្មេងជាង បែបដូច្នោះដែរ ឲ្យគេមានចិត្តធ្ងន់ធ្ងរ
7 ហើយត្រូវឲ្យអ្នកសម្ដែងខ្លួន ទុកជាគំរូពីការល្អគ្រប់Chapter ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ
8 ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។
9 ចូរឲ្យពួកបាវបម្រើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តក្នុងគ្រប់ការទាំងអស់ ឥតប្រកែក
10 ឥតលួចបំបាត់ឡើយ ត្រូវសម្ដែងខ្លួនជាស្មោះត្រង់ល្អគ្រប់Chapter ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។
11 ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ
12 ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ
13 ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
14 ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនិងសម្អាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ
15 ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
ជំពូក 3
1 ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
2 មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសម្ដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង
3 ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីសម្រើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ និងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ
4 តែកាលសេចក្ដីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ
5 នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសម្អាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ
6 ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
7 ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច
8 ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្ដីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស
9 ប៉ុន្តែ ចូរចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ និងពីរឿងពង្សាវតារ ហើយពីសេចក្ដីឈ្លោះប្រកែក និងសេចក្ដីជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់
10 ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ
11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាប ព្រមទាំងកាត់ទោសខ្លួនគេផង។
12 កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះ ក្នុងរដូវរងានេះ
13 ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី និងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ
14 ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សម្រាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។
15 ពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេសូមជម្រាបសួរមកអ្នក សូមឲ្យអ្នកជម្រាបសួរ ដល់ពួកអ្នកដែលស្រឡាញ់យើងខ្ញុំ ក្នុងសេចក្ដីជំនឿផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚