ភីលេម៉ូន

1


ជំពូក 1

1 សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ
2 ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួន‌ភ្ងា និង​អ្នក​អើឃីព ជា​គូ‌កន​ត‌យុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ
3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
4 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​អធិស្ឋាន​ផង
5 ដោយ​បាន​ឮ​និយាយ​ពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ
6 ខ្ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សម្រាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ
7 ដ្បិត​ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ និង​សេចក្ដី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយ‌សារ​អ្នក។
8 ដូច្នេះ ទោះ​បើ​ខ្ញុំ​មាន​អំណាច​ជា​ច្រើន ក្នុង​ព្រះ‌គ្រីស្ទ និង​អាច​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​ដែល​គួរ​គប្បី​នេះ​ក៏​ដោយ
9 គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ
10 ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេ‌ស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង
11 ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក និង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ
12 សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ
13 ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បម្រើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ
14 តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ
15 ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ
16 តែ​មិន​មែន​ដូច​ជា​បាវ​បម្រើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បម្រើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួន‌ភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម និង​ក្នុង​ព្រះ‌អម្ចាស់​ផង
17 ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ‌កន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ
18 បើ​គាត់​បាន​ធ្វើ​អ្វី​ខុស‌ឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ
19 ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ
20 អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។
21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។
22 សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ‌ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។
23 អ្នក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ គាត់​ជម្រាប​សួរ​មក​អ្នក​ដែរ
24 ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរី‌ស្តាក អ្នក​ដេម៉ាស និង​អ្នក​លូកា ជា​គូ‌កន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ផង។
25 សូម​ឲ្យ​វិញ្ញាណ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង អាម៉ែន។:៚