ហេព្រើរ

1 2 3 4 5 6 7 8 9 10 11 12 13


ជំពូក 1

1 ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អយ្យកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប
2 នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ
3 គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សម្អាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់
4 ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១ ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ។
5 ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ
6 ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​លោកីយ៍ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ‌បង្គំ​ចុះ»
7 ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បម្រើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង»
8 តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត
9 ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់»
10 ហើយ​ថា «ឱ​ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ
11 ឯ​របស់​ទាំង​នោះ​នឹង​សាប‌សូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សម្លៀក‌បំពាក់
12 ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ»
13 តើ​ទ្រង់​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ​ឬ​ទេ
14 តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ទ្រង់​បាន​ចាត់​មក សម្រាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។


ជំពូក 2

1 ដោយ​ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ
2 ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង និង​សេចក្ដី​រឹង‌ចចេស​ក៏​ត្រូវ​ទោស​ចំពោះ
3 នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ
4 ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។
5 រីឯ​នៅ​ខាង​បរ‌លោក ដែល​យើង​ខ្ញុំ​និយាយ​នេះ ទ្រង់​មិន​បាន​បញ្ចុះ‌បញ្ចូល​មក​ក្រោម​អំណាច​នៃ​ពួក​ទេវតា​ទេ
6 តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ
7 ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត​ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់
8 ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ
9 តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ និង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ
10 ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សម្រាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់​កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក
11 ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ និង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ
12 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ»
13 ហើយ​១​ទៀត​ថា «ទូល‌បង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូល‌បង្គំ​នេះ និង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ»
14 ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត
15 ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បម្រើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ
16 ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ
17 ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សម្ដេច​សង្ឃ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​តង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ
18 ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។


ជំពូក 3

1 ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្ដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ
2 គឺ​ដែល​ទ្រង់​ស្មោះ‌ត្រង់​ដល់​ព្រះ​ដែល​តាំង​ទ្រង់ ដូច​ជា​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ ក្នុង​ដំណាក់​នៃ​ព្រះ​ទាំង​មូល​ដែរ
3 ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ
4 ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ
5 ហើយ​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បម្រើ សម្រាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ
6 តែ​ព្រះ‌គ្រីស្ទ ទ្រង់​ស្មោះ‌ត្រង់ ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់‌ខ្ជួន​ដរាប ដល់​ចុង​បំផុត​មែន។
7 ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
8 ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​ព្រះ‌បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់
9 នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ‌ស្ថាន
10 ជា​កន្លែង​ដែល​ពួក​អយ្យកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ
11 ដូច្នេះ អញ​ក៏​គ្នាន់‌ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ
12 បាន​ជា​អញ​ស្បថ ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​អញ​សោះ​ឡើយ»
13 តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង‌រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប
14 ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ហើយ
15 កំពុង​ដែល​នៅ​មាន​សេចក្ដី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»
16 ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ‌បោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី
17 តើ​ទ្រង់​គ្នាន់‌ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ​អី
18 ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ។


ជំពូក 4

1 ដូច្នេះ ដែល​នៅ​មាន​សេចក្ដី​សន្យា​ទុក​មក ឲ្យ​បាន​ចូល​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់
2 ដ្បិត​ដំណឹង​ល្អ​បាន​ផ្សាយ​មក​យើង​រាល់​គ្នា​ដូច​ជា​ដល់​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ឮ នោះ​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ដោយ​ព្រោះ​មិន​បាន​លាយ​នឹង​សេចក្ដី​ជំនឿ ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ឮ​នោះ
3 តាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «អញ​បាន​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​អញ​សោះ​ឡើយ» តែ​យើង​រាល់​គ្នា​ដែល​ជឿ យើង​ចូល​ក្នុង​សេចក្ដី​សម្រាក​នោះ​វិញ ទោះ​បើ​ការ​ទាំង​ប៉ុន្មាន​បាន​សម្រេច តាំង​ពី​កំណើត​លោកីយ៍​មក​ក៏​ដោយ
4 ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សម្រាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧»
5 ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​អញ​សោះ​ឡើយ»
6 ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ
7 នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ​ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ»
8 បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សម្រាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​ព្រះ‌បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ
9 ដូច្នេះ មាន​សេចក្ដី​ឈប់​សម្រាក ទុក​សម្រាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ
10 ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សម្រាក​ពី​ការ​ខ្លួន​ប្រព្រឹត្ត ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់​ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ
11 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ
12 ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ
13 គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។
14 ដូច្នេះ ដែល​មាន​សម្ដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ
15 ដ្បិត​សម្ដេច​សង្ឃ​នៃ​យើង​ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ
16 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។


ជំពូក 5

1 ពី​ព្រោះ​អស់​ទាំង​សម្ដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សម្រាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា ដោយ​ព្រោះ​បាប
2 ជា​អ្នក​ដែល​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ និង​មនុស្ស​វង្វេង​ផង ដោយ​ព្រោះ​លោក​ក៏​មាន​សេចក្ដី​កំសោយ នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្លួន​ដែរ
3 ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តា‌ជន​ដែរ
4 គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ‌ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន
5 ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្ដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»
6 ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»
7 ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត‌ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់
8 ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយ‌សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ
9 រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់
10 ដោយ​ព្រះ​បាន​តាំង​ងារ​ទ្រង់​ជា​សម្ដេច​សង្ឃ តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។
11 យើង​ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​អធិប្បាយ​ពី​លោក​នោះ ដែល​ពិបាក​ពន្យល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់
12 គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បថម​សិក្សា នៃ​ព្រះ‌បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ
13 ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ
14 ឯ​អាហារ​រឹង នោះ​សម្រាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ។


ជំពូក 6

1 ដូច្នេះ ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បថម​សិក្សា​នៃ​ព្រះ‌បន្ទូល​ព្រះ‌គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ មិន​ត្រូវ​តាំង​សេចក្ដី​ដើម​នោះ​ជា​ថ្មី​ឡើង​វិញ ដូច​ជា​សេចក្ដី​ប្រែ​ចិត្ត​ចេញ​ពី​ការ​ស្លាប់ និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ
2 ហើយ​និង​សេចក្ដី​បង្រៀន​ពី​បុណ្យ​ជ្រមុជ ការ​ដាក់​ដៃ សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ និង​សេចក្ដី​ជំនុំ‌ជម្រះ​កាត់​ទោស​ដល់​អស់​កល្ប‌ជានិច្ច​នោះ​ឡើយ
3 បើ​សិន​ជា​ព្រះ‌ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង
4 ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
5 ហើយ​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​នៃ​ព្រះ និង​ការ​ឫទ្ធិ‌បារមី​របស់​បរលោក​នាយ
6 រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង
7 ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ‌រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ហើយ
8 តែ​ដី​ណា​ដែល​បង្កើត​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​វិញ ដី​នោះ​ត្រូវ​បោះ​បង់​ចោល​ចេញ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ហើយ លុះ​ដល់​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​ផង។
9 ពួក​ស្ងួន‌ភ្ងា​អើយ ទោះ​បើ​យើង​ខ្ញុំ​និយាយ​ដូច្នេះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទុក​ចិត្ត​ខាង​ឯ​អ្នក​រាល់​គ្នា​ថា បាន​សេចក្ដី​ប្រសើរ​ជាង គឺ​ជា​សេចក្ដី​ដែល​ត្រូវ​ខាង​សេចក្ដី​សង្គ្រោះ​វិញ
10 ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​អ្នក​រមឹល‌គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សម្ដែង​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​បាន​បម្រើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បម្រើ​ទៀត​នោះ​ទេ
11 តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នីមួយៗ បាន​សម្ដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ‌លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត
12 ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។
13 ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សម្រាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា
14 «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចម្រើន នោះ​អញ​នឹង​ចម្រើន​ពូជ​ឯង​មែន»
15 ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ
16 ដ្បិត​ឯ​មនុស្ស គេ​តែង​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សម្រេច
17 ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សម្ដែង​ឲ្យ​ពួក​អ្នក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សម្រេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ
18 ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះ ដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ‌ទ្រង់​កុហក​ពុំ​បាន​ទេ
19 យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់‌លាប់​មាំ‌មួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន
20 ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សម្ដេច​សង្ឃ នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។


ជំពូក 7

1 រីឯ​លោក​ម៉ិល‌គីស្សាដែក ស្តេច​ក្រុង​សាឡិម ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​នេះ ដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​ត្រឡប់​ពី​វាយ​បំផ្លាញ​ពួក​ស្តេច​វិញ ក៏​បាន​ប្រទាន​ពរ​ដល់​លោក
2 ហើយ​លោក​អ័ប្រា‌ហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្ដី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្ដី​សុខ​សាន្ត
3 លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ
4 ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រា‌ហាំ ជា​អយ្យកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង
5 រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជា‌ជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ក៏​ដោយ
6 តែ​លោក​ម៉ិល‌គីស្សាដែក​នេះ ដែល​មិន​បាន​រាប់​ជា​វង្សា​គេ​ទេ នោះ​បាន​ទទួល​១​ភាគ​ក្នុង​១០ ពី​លោក​អ័ប្រា‌ហាំ​វិញ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ផង
7 ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ
8 រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្ដី​បន្ទាល់​ថា លោក​នេះ​រស់​នៅ
9 ហើយ​លោក​លេវី ដែល​ទទួល​តង្វាយ​១​ភាគ​ក្នុង​១០ នោះ​លោក​ឧបមា​ដូច​ជា​បាន​ថ្វាយ​១​ភាគ​ក្នុង​១០​ដែរ ដោយ‌សារ​លោក​អ័ប្រា‌ហាំ
10 ដ្បិត​កាល​លោក​ម៉ិល‌គីស្សាដែក​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​នៅ​ជា​ពូជ ក្នុង​ខ្លួន​នៃ​អយ្យកោ​លោក​នៅ​ឡើយ។
11 ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សាដែក​វិញ​ធ្វើ​អី
12 ពី​ព្រោះ បើ​ការ‌ងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ
13 ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បម្រើ​នៅ​អាសនៈ​ឡើយ
14 ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ
15 សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សាដែក
16 សង្ឃ នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ
17 ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»
18 ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍
19 (ពី​ព្រោះ​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។
20 ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ
21 តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយ ថា ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»
22 ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង
23 មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង​តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ
24 តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ
25 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។
26 គួរ​ឲ្យ​មាន​សម្ដេច​សង្ឃ​យ៉ាង​នោះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត
27 ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សម្ដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សម្រេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង
28 ព្រោះ​ឯ​ក្រឹត្យ‌វិន័យ​នោះ​តែង‌តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ ដែល​គេ​មាន​សេចក្ដី​កំសោយ តែ​សេចក្ដី​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ នោះ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប‌ជានិច្ច។


ជំពូក 8

1 រីឯ​ដែល​បង្រួម​សេចក្ដី​អធិប្បាយ​ទាំង​ប៉ុន្មាន​អម្បាញ់‌មិញ​នេះ នោះ​គឺ​ថា យើង​រាល់​គ្នា​មាន​សម្ដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌
2 ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។
3 ឯ​សម្ដេច​សង្ឃ​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​ឲ្យ​មាន​ងារ សម្រាប់​នឹង​ថ្វាយ​តង្វាយ ហើយ​យញ្ញ‌បូជា បាន​ជា​ត្រូវ​ឲ្យ​ព្រះ‌អង្គ​នេះ​បាន​អ្វី​នឹង​ថ្វាយ​ដែរ
4 ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ
5 ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថាន‌សួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ»
6 តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការ‌ងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ
7 ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ
8 ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា
9 មិន​មែន​តាម​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់
10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ
11 នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះ‌អម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ
12 ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»
13 រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។


ជំពូក 9

1 ចំណែក​សេចក្ដី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ‌បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ៍​នេះ​ដែរ
2 ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង និង​តុ ហើយ​នំបុ័ង​តាំង​ទុក
3 ខាង​ក្រោយ​វាំង‌នន​ទី​២ មាន​កន្លែង​ហៅ​ថា ទី​បរិសុទ្ធ​បំផុត
4 ទី​នោះ​មាន​ជើង‌ពាន​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង
5 ឯ​ខាង​លើ​ហឹប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។
6 កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សម្រេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច
7 តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សម្ដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក និង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ
8 យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សម្ដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ
9 នេះ​ជា​សេចក្ដី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​តង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ
10 ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សម្ដែង​ពី​ម្ហូប‌ម្ហា និង​គ្រឿង​ផឹក ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀប‌ចំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។
11 ប៉ុន្តែ កាល​ព្រះ‌គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សម្ដេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយ‌សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ​ទេ
12 នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សម្រេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប‌ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ
13 ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ
14 ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ឥត​សៅ‌ហ្មង ដល់​ព្រះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច នោះ​នឹង​សម្អាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត
15 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ
16 ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន
17 ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ
18 ដូច្នេះ សេចក្ដី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ
19 ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ
20 ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឈាម​នៃ​សញ្ញា ដែល​ព្រះ‌ទ្រង់​បង្គាប់​មក​អ្នក​រាល់​គ្នា»
21 លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ដែល​សម្រាប់​ការ‌ងារ​ទាំង​ប៉ុន្មាន​បែប​ដូច្នោះ​ដែរ
22 ហើយ​តាម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយ‌សារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។
23 ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថាន‌សួគ៌​បាន​ត្រូវ​សម្អាត ដោយ‌សារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថាន‌សួគ៌​វិញ នោះ​ត្រូវ​សម្អាត​ដោយ​យញ្ញ‌បូជា​ប្រសើរ​ជាង​ទៅ​ទៀត
24 ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌‌ភ័ក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា
25 ក៏​មិន​មែន​នឹង​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជា​ញឹក‌ញយ ដូច​ជា​សម្ដេច​សង្ឃ ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​តែ​ឆ្នាំ ទាំង​យក​ឈាម​ដទៃ​នោះ​ដែរ
26 ដ្បិត​បើ​យ៉ាង​ដូច្នោះ នោះ​ត្រូវ​ឲ្យ​ទ្រង់​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​លោកីយ៍​មក តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញ‌បូជា
27 ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំ‌ជម្រះ
28 ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។


ជំពូក 10

1 ដ្បិត​ឯ​ក្រឹត្យ‌វិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្ដី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ
2 ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សម្អាត​ម្តង​ហើយ
3 តែ​យញ្ញ‌បូជា​ទាំង​នោះ​នាំ​ឲ្យ​រំឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ
4 ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ
5 ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​តង្វាយ​ទេ តែ​ទ្រង់​បាន​រៀប‌ចំ​រូប‌កាយ​ឲ្យ​ទូល‌បង្គំ​វិញ
6 ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត ឬ​នឹង​តង្វាយ​លោះ​បាប​ដែរ
7 បាន​ជា​ទូល‌បង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»
8 ក្រោយ​ដែល​មាន​ព្រះ‌បន្ទូល​ថា យញ្ញ‌បូជា និង​តង្វាយ ហើយ​តង្វាយ​ដុត និង​តង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ
9 នោះ​ទ្រង់​ក៏​ថែម​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្ដី​មុន ដើម្បី​នឹង​តាំង​សេចក្ដី​ក្រោយ​វិញ
10 គឺ​ដោយ‌សារ​ចំណង់​ព្រះ‌ហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​តង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ‌យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សម្រេច។
11 ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ
12 តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ
13 ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់
14 ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប‌ជានិច្ច ដោយ‌សារ​តង្វាយ​តែ​១​នោះ
15 ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
16 «ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង»
17 នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»
18 ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។
19 ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ
20 តាម​ផ្លូវ​ដែល​ទ្រង់ បាន​តាំង​សម្រាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់
21 ហើយ​ដែល​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ
22 នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ
23 ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់
24 ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង
25 ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ
26 ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា​សម្រាប់​នឹង​លោះ​បាប​ទៀត​ទេ
27 មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជម្រះ និង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ
28 ឯ​អ្នក​ណា​ដែល​ក្បត់​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​២ឬ៣​នាក់
29 ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះ‌តិះដៀល​ដល់​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ​ផង​នោះ
30 ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជម្រះ​រាស្ត្រ​ទ្រង់»
31 រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។
32 ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ
33 ដោយ‌សារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះ‌តិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់‌ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង
34 ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ‌សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់‌លាប់​ផង នៅ​ឯ​ស្ថាន‌សួគ៌
35 ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ
36 ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់‌ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ
37 ពី​ព្រោះ​នៅ​តែ​បន្តិច​ទៀត «នោះ​ព្រះ‌អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន​ឥត​បង្អង់​ឡើយ
38 តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ»
39 តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សម្រាប់​ឲ្យ​ព្រលឹង បាន​សង្គ្រោះ​វិញ។


ជំពូក 11

1 រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ
2 ព្រះ‌ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ឯង
3 យើង​រាល់​គ្នា​ក៏​យល់​ដោយ‌សារ​សេចក្ដី​ជំនឿ​នោះ​ថា លោកីយ៍​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។
4 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ‌បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់ ពី​តង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយ‌សារ​តង្វាយ​នោះ​ឯង។
5 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គាត់​ណាស់
6 តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។
7 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ៍​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។
8 ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ
9 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា
10 ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ‌ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។
11 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់
12 ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។
13 ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចម្ងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់ នៅ​ផែនដី​ប៉ុណ្ណោះ
14 ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សម្ដែង​ថា គេ​ជា​អ្នក​រក​ស្រុក​សម្រាប់​ខ្លួន​គេ​ពិត
15 ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន
16 តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ។
17 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ
18 ដែល​មាន​សេចក្ដី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក»
19 លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។
20 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ ។
21 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់ លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។
22 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​សាសន៍​អ៊ីស្រា‌អែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង ។
23 ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ
24 ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ
25 លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត នោះ​វិញ
26 ដោយ​បាន​រាប់​សេចក្ដី​ដំណៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ‌សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សម្លឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ
27 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោត‌ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ
28 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ ពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។
29 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប បាត់​ទៅ
30 ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរីខូ អស់​៧​ថ្ងៃ​ហើយ នោះ​កំផែង​ទី​ក្រុង​ក៏​រលំ​ទៅ
31 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​រឹង‌ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត ។
32 តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូ‌អែល និង​ពួក​ហោរា​ទេ
33 ដែល​ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សម្រេច​ការ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ
34 បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កម្លាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង
35 ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង
36 ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង និង​ជាប់​គុក​ផង
37 ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម និង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប
38 ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​និង​រូង​ក្នុង​ដី លោកីយ៍​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ
39 ពួក​អ្នក​ទាំង​នោះ ទោះ​បើ​មាន​សេចក្ដី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ជំនឿ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ទទួល​សេចក្ដី ដែល​បាន​សន្យា​នោះ​ទេ
40 ដ្បិត​ព្រះ​បាន​ផ្គត់‌ផ្គង់​សេចក្ដី​ប្រសើរ​ជាង​សម្រាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។


ជំពូក 12

1 ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​ម៉្លេះ នៅ​ព័ទ្ធ​ជុំ‌វិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់
2 ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ
3 ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង‌ទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ
4 ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ត‌យុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ
5 តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​សេចក្ដី​ដំបូន្មាន​អស់​រលីង​ទៅ ដែល​ទ្រង់​បាន​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា «កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ
6 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល»
7 បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​គឺ​ព្រះ‌អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ‌ផ្ចាល​នោះ
8 តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ
9 មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ‌ផ្ចាល​យើង ហើយ​យើង​ក៏​កោត‌ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះ‌វរ‌បិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី
10 ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ខណ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយ‌ផ្ចាល នោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់
11 កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ​សាន្ត​នៃ​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។
12 ដូច្នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជង្គង់​ដែល​ស្លុត​ដែរ
13 ហើយ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់ សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ​ទៅ ស៊ូ​ឲ្យ​បាន​ជា​ឡើង​វិញ។
14 ចូរ​ដេញ​តាម​សេចក្ដី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ
15 ហើយ​ត្រូវ​ប្រយ័ត​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ
16 ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិឡ​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ
17 ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​គាត់​សង្វាត​ចង់​បាន​ពរ តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ។
18 អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ
19 ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ
20 ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទម្លុះ​ដោយ​ព្រួញ»
21 ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង»
22 គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៃ​ស្ថាន‌សួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន
23 ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំង‌ឡាយ និង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ
24 ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​ដល់​ព្រះ‌លោហិត ដែល​សម្រាប់​នឹង​ប្រោះ ជា​ព្រះ‌លោហិត ដែល​សម្ដែង​ពី​សេចក្ដី​ប្រសើរ ជា​ជាង​ឈាម​របស់​អេបិល​ទៅ​ទៀត​ផង។
25 ចូរ​ប្រយ័ត កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះ‌អង្គ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សម្ដែង​ព្រះ‌បន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​ពី​ស្ថាន‌សួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ
26 សំឡេង​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​រញ្ជួយ​នៅ​វេលា​នោះ តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង»
27 រីឯ​ពាក្យ​ដែល​ថា «ម្តង​ទៀត» នោះ​សម្ដែង​ថា របស់​ដែល​ត្រូវ​កក្រើក នោះ​ត្រូវ​រើ​ចេញ ទុក​ដូច​ជា​របស់​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន បាន​ធន់​នៅ​វិញ
28 ដូច្នេះ ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយ‌សារ​សេចក្ដី​នោះ យើង​នឹង​បម្រើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិ‌បត្តិ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់
29 ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។


ជំពូក 13

1 ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច
2 កុំ​ឲ្យ​ភ្លេច​សេចក្ដី​ចៅ‌រ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្ដី​នោះ​ឯង
3 ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូប‌កាយ​ដែរ។
4 ការ​វិវាហ‌មង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅ‌ហ្មង ដែរ តែ​ព្រះ‌ទ្រង់​នឹង​ជំនុំ​ជម្រះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ‌ស្មន់​គ្នា​វិញ។
5 ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»
6 បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។
7 ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង
8 ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប‌ជានិច្ច​ត​ទៅ
9 ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្ដី​បង្រៀន​ប្លែកៗ​ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ដោយ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ
10 យើង​រាល់​គ្នា​មាន​អាសនៈ​១ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនៈ​នោះ​ទេ
11 ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សម្ដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ
12 ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់
13 ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្ដី​ដំណៀល​របស់​ទ្រង់​ចុះ
14 ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក
15 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់
16 កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។
17 ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។
18 សូម​ជួយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ជឿ‌ជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់
19 ខ្ញុំ​ក៏​សូម​ជា​លើស​ទៅ​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ។
20 សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម
21 ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយ‌សារ​ព្រះ‌លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​កល្ប‌ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។
22 តែ​បង​ប្អូន​អើយ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ប្រដៅ​ទូន្មាន​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​យ៉ាង​ខ្លីៗ​ទេ
23 សូម​ឲ្យ​ដឹង​ថា គេ​បាន​លែង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ហើយ បើ​គាត់​មក​យ៉ាង​ឆាប់ នោះ​ខ្ញុំ​នឹង​បាន​មក​សួរ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​គាត់​ដែរ
24 សូម​ជម្រាប​សួរ​ដល់​ពួក​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា និង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ពួក​អ្នក​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។
25 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚