ជំពូក 1
1 សំបុត្រយ៉ាកុប ជាបាវបម្រើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជម្រាបសួរដល់ពូជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។
2 បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ
3 ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន
4 ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ
5 តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ
6 តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង
7 កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ
8 ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ។
9 ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានតម្កើងឡើង
10 ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ
11 ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ
12 មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។
13 កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ
14 តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ
15 រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់ ។
16 បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យត្រូវបំភាន់ឡើយ
17 គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ
18 ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។
19 ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ
20 ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះទេ
21 បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ និងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន
22 ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ
23 ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់
24 អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម
25 តែអ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្ដីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។
26 បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ
27 ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
ជំពូក 2
1 បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ
2 ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ
3 រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានតម្លៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ
4 នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី
5 ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយ៍នេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី
6 តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជម្រះ ទេឬអី
7 តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នា ទេឬអី
8 បើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ
9 តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រឹត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ
10 ដ្បិតអ្នកណាដែលកាន់ក្រឹត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រឹត្យវិន័យទាំងមូលនោះហើយ
11 ពីព្រោះព្រះដែលមានព្រះបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានព្រះបន្ទូលថា «កុំឲ្យសម្លាប់មនុស្ស»ដែរ ដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្ដីកំផិតទេ តែបានសម្លាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រឹត្យវិន័យហើយ
12 ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រឹត្យវិន័យនៃសេចក្ដីសេរីភាព រៀបនឹងជំនុំជម្រះអ្នកហើយចុះ
13 ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជម្រះវិញ។
14 បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ
15 ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ
16 ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី
17 ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង
18 តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ
19 អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ
20 ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ
21 ចុះលោកអ័ប្រាហាំ ជាអយ្យកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនៈទេឬអី
22 ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង
23 នោះទើបបានសម្រេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ
24 ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ
25 ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត
26 ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។
ជំពូក 3
1 បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ
2 ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ
3 មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន
4 សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ
5 ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសម្បើមណាស់ មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗទៅបាន
6 ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ
7 រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ
8 តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់
9 ដោយសារអណ្តាត នោះយើងសរសើរតម្កើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង
10 មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ
11 តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ
12 បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផង សាបផងបានឡើយ។
13 ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ ត្រូវឲ្យអ្នកនោះសម្ដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ
14 បើមានសេចក្ដីច្រណែនដ៏ជូរល្វីង និងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្ដីពិតឡើយ
15 ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយ៍នេះ ហើយក៏ខាងសាច់ឈាម និងខាងអារក្សវិញទេតើ
16 ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងសេចក្ដីគំនុំ នោះក៏មានវឹកវរ និងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ
17 តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង
18 រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សម្រាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។
ជំពូក 4
1 ឯសេចក្ដីទាស់ទែង និងសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្ដីសម្រើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នា ទេអី
2 អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ ហើយមានចិត្តច្រណែន តែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម
3 អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សម្រាប់នឹងចាយបំពេញសេចក្ដីសម្រើបរបស់អ្នករាល់គ្នាវិញ
4 ឱពួកកំផិត ទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ៍ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ
5 ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសម្ដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រច័ណ្ឌ
6 តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ»
7 ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ
8 ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសម្អាតចិត្តឡើង
9 ចូរឲ្យមានសេចក្ដីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្ដីអំណរទៅជាសេចក្ដីព្រួយវិញ
10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងតម្កើងអ្នករាល់គ្នាឡើង។
11 បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រឹត្យវិន័យដែរ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ
12 ឯអ្នកដែលតែងក្រឹត្យវិន័យ ហើយជំនុំជម្រះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ។
13 ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ
14 អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ
15 គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ
16 តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្ដីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់
17 ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ។
ជំពូក 5
1 ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្ដីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា
2 ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ
3 មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះ នឹងបានទុកសម្រាប់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នា ហើយនិងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ
4 មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសម្រែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ
5 អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសម្រើបស្រើប ទាំងចម្អែតចិត្ត ដូចជានៅថ្ងៃសម្លាប់សត្វ
6 អ្នករាល់គ្នាបានកាត់ទោស ក៏បានសម្លាប់មនុស្សសុចរិត តែគេមិនបានតយុទ្ធនឹងអ្នករាល់គ្នាវិញសោះ។
7 បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង
8 ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ
9 បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ
10 បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក និងពីសេចក្ដីអត់ធ្មត់ចុះ
11 មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្ដីអាណិតអាសូរពោរពេញដែរ
12 តែបងប្អូនអើយ កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬនិងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
13 តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេ ត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេ ត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ
14 តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង
15 នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿនឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង
16 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់
17 ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ
18 រួចលោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។
19 បងប្អូនអើយ បើមានអ្នកណាក្នុងពួកអ្នករាល់គ្នា គេវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណានាំអ្នកនោះត្រឡប់មកវិញ
20 នោះត្រូវដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្ដីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង ។:៚