ជំពូក 1
1 សំបុត្រពេត្រុស ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នកខ្ចាត់ខ្ចាយ ដែលសំណាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា
2 ជាពួកអ្នករើសតាំង តាមបព្វញាណនៃព្រះដ៏ជាព្រះវរបិតា ដោយព្រះវិញ្ញាណទ្រង់ញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ ព្រមទាំងបានព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទប្រោះលើខ្លួន សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត កាន់តែច្រើនឡើង។
3 សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ
4 ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌
5 គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សម្រាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្ដែងមកនៅជាន់ក្រោយបង្អស់នោះ
6 អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ
7 ដើម្បីឲ្យការសាកល សេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសម្រាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក
8 ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
9 ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង
10 ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ
11 ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទក៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ
12 តែទ្រង់បានសម្ដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។
13 ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់Chapter ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង
14 ឲ្យដូចជាពួកកូនដែលស្តាប់បង្គាប់ ឥតបណ្តោយតាមសេចក្ដីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ
15 តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ
16 ដ្បិតមានសេចក្ដីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ»
17 ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ
18 ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកអយ្យកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ
19 គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម
20 ដែលបានស្គាល់តាំងពីមុនកំណើតលោកីយ៍មក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា
21 ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្ដីជំនឿ ហើយនិងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ។
22 អ្នករាល់គ្នាបានជម្រះសម្អាតចិត្ត ដោយស្តាប់តាមសេចក្ដីពិត សម្រាប់ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ
23 ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់
24 ព្រោះគ្រប់ទាំងមនុស្សប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ
25 តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ គឺជាព្រះបន្ទូលនេះ ដែលបានផ្សាយមកអ្នករាល់គ្នាហើយ។
ជំពូក 2
1 ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ
2 នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ
3 គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន
4 ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ
5 នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សម្រាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
6 ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើលអ្នកដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»
7 ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក»
8 «ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវតម្រូវទុកសម្រាប់ការនោះឯង
9 តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់
10 ពីដើម អ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។
11 ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នា ខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ
12 ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមក ប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។
13 ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់
14 ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសម្រាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនិងសរសើរដល់ពួកអ្នកដែលប្រព្រឹត្តល្អវិញ
15 ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចម្កួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ
16 គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបម្រើរបស់ព្រះវិញ
17 ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។
18 ឱពួកអ្នកបម្រើអើយ ចូរចុះចូលចំពោះចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ
19 ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ
20 បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន
21 ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកតម្រាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់
22 ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ
23 កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ
24 ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប ហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា
25 ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។
ជំពូក 3
1 ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល
2 ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ
3 ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ផ្សេងៗ ឡើយ
4 គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដីដែលមានតម្លៃវិសេសនៅចំពោះព្រះ
5 ដ្បិតពីដើម ពួកស្រីៗ បរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ
6 ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ
7 ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
8 ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន និងមានចិត្តទន់សន្តោស ហើយសុភាព
9 ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីបានព្រះពរជាមរដក
10 ដ្បិត«អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវបញ្ចៀសអណ្តាតពីសេចក្ដីអាក្រក់ចេញ ហើយបបូរមាត់ក៏ដែរ កុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយ
11 ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព
12 ពីព្រោះព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្តាប់ពាក្យទូលអង្វររបស់គេ តែព្រះភ័ក្ត្រព្រះអម្ចាស់តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ» ។
13 បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា
14 តែបើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្ដីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត មិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្ដីស្ញែងខ្លាចរបស់គេឡើយ ក៏កុំឲ្យថប់បារម្ភដែរ
15 ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា
16 ព្រមទាំងមានបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ បានអៀនខ្មាសវិញ ដោយព្រោះគេនិយាយបង្កាច់ពីកិរិយាល្អដែលអ្នករាល់គ្នាប្រព្រឹត្តក្នុងព្រះគ្រីស្ទ
17 ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់
18 ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានវិញ្ញាណប្រោសឲ្យរស់វិញ
19 ហើយដោយនូវព្រះវិញ្ញាណនោះឯង ទ្រង់បានយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមជឿ
20 គឺក្នុងខណៈដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិច គឺ៨នាក់ប៉ុណ្ណោះដែលបានរួចដោយសារទឹក
21 ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្ដីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ
22 ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ។
ជំពូក 4
1 ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាមជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ
2 ដើម្បីកុំឲ្យបង់ពេលដែលសល់ និងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ
3 ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក និងការថ្វាយបង្គំរូបព្រះដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ
4 គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា
5 តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់
6 ហេតុនោះបានជា បានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជម្រះខាងឯសាច់ឈាម តាមបែបមនុស្ស តែឲ្យគេបានរស់ខាងឯវិញ្ញាណតាមព្រះវិញ ។
7 រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ
8 តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត
9 ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ
10 គឺដោយខំបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណ ដ៏បែកជាច្រើនផ្លូវវិញ
11 បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបម្រើ នោះត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
12 ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចម្លែកនោះឡើយ
13 ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក
14 បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ
15 កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសម្លាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ
16 តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ
17 ដ្បិតពេលវេលាដែលសេចក្ដីជំនុំជម្រះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានយ៉ាងដូចម្តេចទៅ
18 បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិឡល្មើស និងពួកមានបាបនឹងលេចមកនៅឯណា
19 ដូច្នេះ ពួកអ្នកដែលរងទុក្ខតាមព្រះហឫទ័យនៃព្រះ នោះត្រូវផ្ញើព្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើត ដែលទ្រង់ស្មោះត្រង់ ដោយខ្លួនប្រព្រឹត្តការល្អចុះ។
ជំពូក 5
1 ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
2 ចូរឃ្វាលហ្វូងចៀម របស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកម្រៃដែរ គឺដោយគាប់ចិត្តវិញ
3 មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ
4 រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
5 ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ
6 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានតម្កើងអ្នករាល់គ្នាឡើង នៅវេលាកំណត់
7 ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។
8 ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន
9 ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយ៍នេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ
10 រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចម្រើនកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច
11 សូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។
12 ខ្ញុំបានសរសេរយ៉ាងខ្លី ផ្ញើមកអ្នករាល់គ្នា ដោយសារអ្នកស៊ីលវ៉ាន ដែលខ្ញុំរាប់ទុកជាបងប្អូនស្មោះត្រង់ពិត ដើម្បីនឹងទូន្មាន ហើយធ្វើបន្ទាល់ថា ព្រះគុណនៃព្រះដែលអ្នករាល់គ្នាកាន់ខ្ជាប់តាម នោះជាព្រះគុណពិតប្រាកដហើយ
13 ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជម្រាបសួរមកអ្នករាល់គ្នា
14 សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚