ជំពូក 1
1 សំបុត្រស៊ីម៉ូន-ពេត្រុស ជាបាវបម្រើ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នក ដែលបានទទួលសេចក្ដីជំនឿដ៏វិសេស ត្រូវគ្នានឹងយើងខ្ញុំដែរ ដោយសេចក្ដីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា
2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ និងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
3 ដ្បិតព្រះចេស្តានៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត និងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ និងសគុណរបស់ទ្រង់
4 ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីសន្យានោះឯង ដោយបានរួចពីសេចក្ដីពុករលួយនៅក្នុងលោកីយ៍នេះដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា
5 ហើយដោយហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមានសេចក្ដីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្ដីជំនឿបានទៀងត្រង់ ឲ្យសេចក្ដីទៀងត្រង់បានតម្រិះ
6 ឲ្យតម្រិះបានចេះអត់សង្កត់ ឲ្យសេចក្ដីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្ដីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ
7 ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នាបានសេចក្ដីស្រឡាញ់ថែមទៀត
8 ដ្បិតបើមានសេចក្ដីទាំងនោះចម្រើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ
9 ពីព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសម្អាតបាបដែលខ្លួនធ្វើពីដើមផង
10 ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ
11 ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។
12 ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត ដែលមានហើយក៏ដោយ
13 ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប
14 ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ
15 មួយទៀតខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្ដីទាំងនេះក្រោយដែលខ្ញុំទៅបាត់ដែរ។
16 ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយតម្រិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ
17 ដ្បិតទ្រង់បានល្បីព្រះនាម និងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានព្រះបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់»
18 យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធ ជាមួយនឹងទ្រង់
19 ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា
20 ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ
21 ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។
ជំពូក 2
1 តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្ដីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង
2 នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ
3 ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជម្រះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ ។
4 ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទម្លាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹត ទាំងឃុំទុកសម្រាប់នឹងជំនុំជម្រះវិញ
5 ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិឡល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត
6 ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្ដីទមិឡល្មើស
7 តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ
8 ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ
9 បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សម្រាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជម្រះវិញ
10 គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្ដីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង
11 ដែលពួកទេវតាដ៏មានកម្លាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ
12 តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសម្រាប់តែឲ្យគេចាប់ ហើយកាប់សម្លាប់ប៉ុណ្ណោះដែរ
13 គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្ដីស្មោកគ្រោក គេត្រេកអរដោយសេចក្ដីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា
14 គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្ដីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា
15 គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កម្រៃនៃការទុច្ចរិត
16 តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្ដីចម្កួតរបស់គាត់
17 ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្ដីងងឹតសូន្យឈឹង បានបម្រុងទុកឲ្យគេនៅអស់កល្បជានិច្ច
18 ដ្បិតគេនិយាយសេចក្ដីអំនួតអួតយ៉ាងសម្បើម ទាំងបិទនុយដែលប្រកបដោយសេចក្ដីសម្រើបខាងសាច់ឈាម និងសេចក្ដីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង
19 ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបម្រើរបស់សេចក្ដីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួន នោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ
20 ពីព្រោះក្រោយដែលបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្ដីទាំងនោះបានបង្រ្កាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត
21 ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្ដីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ
22 តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»។
ជំពូក 3
1 ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំធ្វើសំបុត្រទី២នេះផ្ញើមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំង២ច្បាប់ ខ្ញុំបានរំឭកដាស់តឿនសតិស្មារតីដ៏ស្អាត របស់អ្នករាល់គ្នាហើយ
2 ដើម្បីឲ្យបាននឹកចាំពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម និងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក
3 ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា
4 តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកអយ្យកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែលដូចជាពីកំណើតលោកីយ៍រៀងមកដែរ
5 ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ
6 រួចមកលោកីយ៍ត្រូវទឹកនោះជន់លិចបំផ្លាញទៅ
7 តែផ្ទៃមេឃ និងផែនដីនៅជាន់នេះ បានបម្រុងទុកដល់ថ្ងៃជំនុំជម្រះ ដោយសារព្រះបន្ទូលនៃទ្រង់ សម្រាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ
8 តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្ដី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ
9 ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ
10 រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
11 ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្ដីគោរពប្រតិបត្តិ
12 ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ
13 តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ
14 ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង
15 ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ
16 ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសម្ដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។
17 ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្ដីវង្វេងរបស់ពួកទទឹងច្បាប់នោះ
18 ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚