យ៉ូហាន​ទី​១

1 2 3 4 5


ជំពូក 1

1 ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់​ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ជីវិត
2 (ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប‌ជានិច្ចដែល​ពី​ដើម​ស្ថិត​នៅ នឹង​ព្រះ‌វរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ)
3 ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះ‌វរ‌បិតា ហើយ​និង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់
4 យើង​ខ្ញុំ​ក៏​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ឡើង។
5 នេះ​ជា​ដំណឹង​ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា​នៅ​ក្នុង​ទ្រង់​សោះ
6 បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ
7 តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សម្អាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។
8 បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ
9 បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង
10 បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ‌បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។


ជំពូក 2

1 កូន​តូចៗ​រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ‌វរ‌បិតា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត
2 ដែល​ទ្រង់​ជា​តង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំង​មូល​ដែរ។
3 យើង​រាល់​គ្នា​ដឹង​ថា យើង​ស្គាល់ ទ្រង់ ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់
4 អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ
5 តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់
6 អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។
7 ពួក​ស្ងួន‌ភ្ងា​អើយ សេចក្ដី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ
8 ខ្ញុំ​ក៏​សរសេរ​បញ្ញត្ត​១​ថ្មី​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នា ដែរ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង
9 អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
10 ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់‌បង្អន់​ចិត្ត​គេ​ឡើយ
11 តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្ដី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។
12 កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ​ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់
13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំលោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ‌វរ‌បិតា
14 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំលោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ
15 កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ
16 ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម និង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ
17 ឯ​លោកីយ៍​នេះ និង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ។
18 ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់
19 គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សម្ដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ
20 រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់ លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង
21 ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូត‌ភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ
22 តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ‌យេស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ‌គ្រីស្ទ
23 ឯ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​គ្មាន​ព្រះ‌វរ‌បិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ទាំង​ព្រះ‌វរ‌បិតា​ផង
24 ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា ហើយ​ក្នុង​ព្រះ‌វរ‌បិតា​ដែរ
25 នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប‌ជានិច្ច។
26 ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង
27 រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្ដី​កំភូត​ទេ គឺ​ជា​សេចក្ដី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក
28 ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ
29 បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។


ជំពូក 3

1 មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះ‌វរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ
2 ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សម្ដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង
3 អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជម្រះ​សម្អាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ
4 ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យ‌វិន័យ​ហើយ
5 អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​ក៏​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ
6 ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។
7 កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ
8 តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ
9 អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក
10 គឺ​ជា​យ៉ាង​នោះ​ហើយ ដែល​នឹង​សម្គាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។
11 ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក
12 មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សម្លាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សម្លាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។
13 បង​ប្អូន​អើយ បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ
14 យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ
15 អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សម្លាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​ណា​សម្លាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប‌ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ
16 ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ
17 បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។
18 ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ
19 គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង
20 ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង
21 ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ
22 ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សម្រេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ
23 ឯ​បញ្ញត្ត​ទ្រង់​នោះ គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ
24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។


ជំពូក 4

1 ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ
2 យើង​នឹង​សម្គាល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា ដែល​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ
3 តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះ‌គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ
4 ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង
5 ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ
6 ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស‌ឆ្គង​ទៅ​បាន។
7 ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ
8 តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង
9 សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សម្ដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់
10 នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​មក ទុក​ជា​តង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង
11 ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ
12 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ
13 គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា
14 ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។
15 អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ
16 យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ
17 គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ៍​នេះ​ដែរ
18 គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្ដី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត​ខាង​ឯ​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ
19 ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។
20 បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន
21 មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។


ជំពូក 5

1 អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ
2 កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ
3 ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ
4 ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យ‌ជម្នះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង
5 តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។
6 គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ‌វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត
7 មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ‌វរ‌បិតា​១ ព្រះ‌បន្ទូល​១ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ
8 ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ‌វិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ
9 បើ​សិន​ជា​យើង​បាន​ទទួល​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ​ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្ដី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់
10 អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់
11 នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់
12 ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។
13 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ហើយ
14 យើង​ក៏​មាន​សេចក្ដី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម
15 បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។
16 បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ
17 គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់ ហើយ​ក៏​មាន​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ដែរ
18 យើង​ដឹង​ថា អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ
19 យើង​ដឹង​ថា យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ
20 យើង​ក៏​ដឹង​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ព្រះ‌អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​កល្ប‌ជានិច្ច​ផង។
21 កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ។ អាម៉ែន។:៚