យ៉ូហាន​ទី​២

1


ជំពូក 1

1 សំបុត្រ​អ្នក​ចាស់‌ទុំ ផ្ញើ​មក​លោក​ស្រី រើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ មិន​មែន​តែ​ខ្ញុំ​១ គឺ​ព្រម​ទាំង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​ផង​ដែរ
2 ដោយ​ព្រោះ​សេចក្ដី​ពិត ដែល​នៅ​ក្នុង​យើង​រាល់​គ្នា ហើយ​ក៏​នៅ​ជា​មួយ​នឹង​យើង​ជា​ដរាប
3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​មេត្តា‌ករុណា ហើយ​និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា គឺ​ដោយ​សេចក្ដី​ពិត និង​សេចក្ដី​ស្រឡាញ់។
4 ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​ខ្លះ​របស់​លោក​ស្រី ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត ដូច​ជា​ព្រះ‌វរ‌បិតា​បាន​បង្គាប់​មក​យើង​រាល់​គ្នា
5 ឥឡូវ​នេះ លោក​ស្រី​អើយ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​នេះ មិន​មែន​ដូច​ជា​បង្គាប់​ដល់​លោក​ស្រី​ទេ គឺ​ខ្ញុំ​សូម​អង្វរ​វិញ​ថា ឲ្យ​យើង​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ដូច​ជា​តាំង​ពី​ដើម​រៀង​មក
6 នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់ ឯ​សេចក្ដី​បញ្ញត្ត​នោះ គឺ​ដូច​ជា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម
7 ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ផង
8 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត ក្រែង​បាត់​ផល​ការ​ដែល​បាន​ធ្វើ ហើយ​នោះ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​ពេញ‌លេញ​វិញ
9 អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់ ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា​ផង
10 បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជម្រាប​សួរ​ដល់​អ្នក​នោះ​ផង
11 ដ្បិត​បើ​អ្នក​ណា​ជម្រាប​សួរ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។
12 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​និង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​យើង​រាល់​គ្នា ចម្រើន​បាន​ពោរ‌ពេញ​ឡើង
13 ឯ​កូន​ចៅ​របស់​ប្អូន​ស្រី​រើស​តាំង​របស់​លោក​ស្រី ក៏​សូម​ជម្រាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚