ជំពូក 1
1 នេះជាសេចក្ដីដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបម្រើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសម្ដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបម្រើទ្រង់
2 គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល និងសេចក្ដីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលគាត់បានឃើញ
3 មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
4 សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់
5 ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប
6 ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
7 មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។
8 ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះបន្ទូលថា អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង ។
9 យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក និងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល និងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
10 ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា
11 ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។
12 ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧
13 នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា
14 ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង
15 ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន
16 នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភ័ក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច
17 កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង
18 ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ
19 ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្ដីដែលឯងបានឃើញ ព្រមទាំងសេចក្ដីដែលមានសព្វថ្ងៃនេះ និងសេចក្ដីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង
20 ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។
ជំពូក 2
1 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
2 អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ
3 ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ
4 តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ
5 ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ
6 ប៉ុន្តែ ឯងមានសេចក្ដី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ
7 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខ របស់ព្រះ។
8 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
9 អញស្គាល់សេចក្ដីទុក្ខលំបាក និងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្ដីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ
10 កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង
11 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។
12 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
13 អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្ដីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង
14 ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកសាសន៍អ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង
15 ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសដែរ
16 ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ
17 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។
18 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
19 អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្ដីស្រឡាញ់ សេចក្ដីជំនួយ សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត
20 តែអញប្រកាន់សេចក្ដីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបម្រើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្ដីកំផិត ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះផង
21 អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រម? សោះ
22 មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្ដីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ
23 ហើយអញនឹងសម្លាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្ត និងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត
24 តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្ដីបង្រៀននោះ ក៏មិនស្គាល់សេចក្ដីជម្រៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ
25 ប៉ុន្តែ សេចក្ដីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ
26 ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ
27 អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក
28 អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ
29 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។
ជំពូក 3
1 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ និងផ្កាយទាំង៧ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ
2 ចូរប្រុងប្រយ័ត ហើយចម្រើនកម្លាំងដល់អ្វីៗ ដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ
3 ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ
4 ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ
5 អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ
6 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។
7 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
8 អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ
9 មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង
10 ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន
11 មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្ដីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ
12 អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡឹមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនិងកត់ឈ្មោះថ្មីរបស់អញដែរ
13 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។
14 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា «អាម៉ែន» ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
15 អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី
16 ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ
17 ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ
18 បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសម្លៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ
19 អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ
20 មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ
21 ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ
22 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។
ជំពូក 4
1 ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានព្រះបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត
2 ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ
3 ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។
4 នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល
5 មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ
6 ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាល និងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ
7 ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងសត្វគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ
8 តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត
9 កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម និងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ
10 នោះពួកចាស់ទុំទាំង២៤នាក់ក៏ទម្លាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា
11 ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។
ជំពូក 5
1 ឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រំាង ដែលសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង
2 រួចឃើញទេវតា១ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ
3 តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង
4 នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ
5 រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។
6 ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី
7 កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ
8 លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទម្លាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ
9 ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ
10 ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។
11 នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់
12 គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ
13 នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ
14 រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំ។
ជំពូក 6
1 កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ
2 ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជម្នះ ហើយឲ្យបានឈ្នះតទៅ។
3 លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ
4 នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសម្លាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ។
5 លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ
6 រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិ ថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិ ថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ។
7 លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ
8 ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្ដីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសម្លាប់ដោយដាវ អំណត់អត់ និងសេចក្ដីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង។
9 លុះបកត្រាទី៥ នោះនៅក្រោមអាសនៈ ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសម្លាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្ដីបន្ទាល់
10 ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា
11 នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សម្រាកបន្តិចសិន ទាល់តែពួកបាវបម្រើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសម្លាប់បែបដូចគ្នា បានគ្រប់ចំនួន។
12 លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម
13 ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ
14 ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង
15 អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបម្រើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា
16 គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើង ពីព្រះភ័ក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមចេញ
17 ដ្បិតថ្ងៃធំនៃសេចក្ដីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។
ជំពូក 7
1 ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ
2 រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនិងសមុទ្រថា
3 កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបម្រើរបស់ព្រះនៃយើងសិន
4 ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល
5 គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់
6 ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ពាន់នាក់
7 ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់
8 ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា។
9 ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ
10 គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេច នឹងកូនចៀមផង
11 រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ និងតួមានជីវិតទាំង៤ ក៏ទម្លាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ
12 ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
13 នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា
14 ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម
15 ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបម្រើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ
16 គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ
17 ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ ។
ជំពូក 8
1 កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង
2 រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះ ក៏មានត្រែ៧បានប្រគល់ទៅឲ្យ
3 មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនៈ ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនៈមាសដែលនៅមុខបល្ល័ង្ក
4 នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ
5 រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនៈ បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និងកក្រើកដី
6 រួចទេវតាទាំង៧ដែលកាន់ត្រែ៧នោះ ក៏រៀបនឹងផ្លុំឡើង។
7 ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង។
8 ទេវតាទី២ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទម្លាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ក៏ត្រឡប់ទៅជាឈាម
9 ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ។
10 ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក
11 ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣ បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។
12 ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ។
13 រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។
ជំពូក 9
1 ទេវតាទី៥ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជម្រៅនៃជង្ហុកធំដល់ផ្កាយនោះ
2 ផ្កាយនោះក៏បើកទីជម្រៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក
3 ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី
4 ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ
5 ដែលវាបានទទួលអំណាចនោះ មិនមែននឹងសម្លាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ
6 នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ
7 កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស
8 ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ
9 វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចម្បាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង
10 វាក៏មានកន្ទុយ ហើយនិងទ្រនិចដូចជាខ្យាដំរី ឯអំណាចវាក៏នៅក្នុងកន្ទុយនោះ សម្រាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ
11 វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន» វិញ
12 សេចក្ដីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្ដីវេទនា២យ៉ាង មកតាមក្រោយទៀត។
13 ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនៈមាស ដែលនៅចំពោះព្រះ
14 ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ
15 នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសម្លាប់មនុស្ស១ភាគក្នុង៣ចោល
16 ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ
17 ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក
18 មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្ដីទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង
19 ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ និងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ
20 រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្ដីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ
21 ក៏មិនបានប្រែចិត្តចោលការកាប់សម្លាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។
ជំពូក 10
1 ខ្ញុំក៏ឃើញទេវតាដ៏ពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុម ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង
2 មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក
3 រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧
4 កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ
5 រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ
6 ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ
7 តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្ដីអាថ៌កំបាំងនៃព្រះនឹងបានសម្រេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបម្រើរបស់ទ្រង់ដែរ។
8 ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ
9 ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ
10 នោះខ្ញុំយកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ
11 រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។
ជំពូក 11
1 មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនៈ ហើយនិងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង
2 តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ
3 អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ ផង
4 អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី
5 បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ
6 អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនិងធ្វើឲ្យផែនដីកើតមានសេចក្ដីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។
7 កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង
8 ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ
9 នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា និងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ
10 ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្ដីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។
11 ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង
12 នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ
13 នៅវេលានោះឯង មានកក្រើកដីជាខ្លាំង ទីក្រុងនោះ១ភាគក្នុង១០ក៏រលំអស់ទៅ ហើយមានមនុស្ស៧ពាន់នាក់ស្លាប់ ក្នុងខណៈដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់ គេមានចិត្តភ័យខ្លាច ក៏សរសើរតម្កើងដល់ព្រះនៃស្ថានសួគ៌
14 សេចក្ដីវេទនាទី២បានកន្លងទៅហើយ មើល សេចក្ដីវេទនាទី៣ត្រូវមកជាឆាប់។
15 ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ
16 នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់
17 ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង
18 អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង ហើយសេចក្ដីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជម្រះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបម្រើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង។
19 នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្ដីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ។
ជំពូក 12
1 រួចមានទីសម្គាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ
2 នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសម្រាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក។
3 ឃើញមានទីសម្គាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ និងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧
4 កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសម្រាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសម្រាលចេញមក
5 នាងសម្រាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ និងដល់បល្ល័ង្កទ្រង់វិញ
6 រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោ ព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។
7 នោះមានចម្បាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ
8 តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង
9 នោះនាគធំ ត្រូវបោះទម្លាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទម្លាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។
10 នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទម្លាក់ទៅហើយ
11 គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់
12 ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។
13 លុះនាគឃើញថា វាត្រូវបោះទម្លាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសម្រាលកូនប្រុសនោះ
14 តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ
15 រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ
16 តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់
17 នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ។
ជំពូក 13
1 ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ និងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ
2 សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ
3 ខ្ញុំឃើញក្បាលវា១ដូចជាបានកាប់សម្លាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ
4 គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន
5 នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ និងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ
6 វាបើកមាត់ប្រមាថដល់ទាំងព្រះ និងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង
7 ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង
8 ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ
9 បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ
10 បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សម្លាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ និងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ។
11 ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ
12 ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំដល់សត្វទី១ ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង
13 វាក៏ធ្វើទីសម្គាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើងពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង
14 វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសម្គាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ
15 ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង
16 វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន
17 ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសម្គាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា
18 នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦។
ជំពូក 14
1 ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ និងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ
2 រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកតន្ត្រីដែលកំពុងតែចាប់ស៊ុង
3 គេច្រៀងបទ១ថ្មី នៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ និងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ
4 នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រី ឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម
5 មិនឃើញមានសេចក្ដីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។
6 ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ
7 ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។
8 មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្ដីឃោរឃៅរបស់ការកំផិត ខ្លួន។
9 រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសម្គាល់វានៅលើថ្ងាស ឬនៅដៃ
10 អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង និងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង
11 ឯផ្សែងនៃសេចក្ដីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ឬអ្នកណាដែលទទួលទីសម្គាល់នៃឈ្មោះវាផង
12 នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។
13 ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់។
14 នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត
15 រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូត ហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច
16 នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។
17 រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែ យ៉ាងមុតដែរ
18 ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនៈមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ
19 ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ
20 នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំងសេះ ចម្ងាយ៣០០គីឡូម៉ែត្រទៅ ។
ជំពូក 15
1 ញុំក៏ឃើញទីសម្គាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្ដីឃោរឃៅរបស់ព្រះបានសម្រេច ដោយសេចក្ដីវេទនាទាំងនោះ។ 2រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា 3គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបម្រើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ 4ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរតម្កើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសម្ដែងមកឲ្យឃើញហើយ។ 5ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្ដីបន្ទាល់ នៅស្ថានសួគ៌ ក៏នៅចំហ 6ហើយទេវតា៧ដែលកាន់សេចក្ដីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង 7តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញទៅដោយសេចក្ដីឃោរឃៅរបស់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ 8នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្ដីវេទនាទាំង៧ របស់ទេវតា៧នោះបានសម្រេចស្រេច។
ជំពូក 16
1 ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្ដីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។
2 ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសម្គាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។
3 ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។
4 ទេវតាទី៣ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ
5 រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជម្រះកាត់ទោសដូច្នេះ នោះសុចរិតហើយ
6 ដ្បិតគេបានកម្ចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ
7 រួចខ្ញុំឮអាសនៈទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជម្រះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។
8 ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង
9 មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។
10 ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្ដីទុក្ខលំបាក
11 ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។
12 ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ
13 រួចខ្ញុំឃើញវិញ្ញាណអសោច៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ និងពីមាត់ហោរាក្លែងក្លាយមក
14 ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចម្បាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត
15 (មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសម្លៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ)
16 រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
17 ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ
18 រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសម្បើមដូច្នេះឡើយ
19 ទីក្រុងដ៏ធំញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីខ្ញាល់ទ្រង់ដល់គេ
20 នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ
21 ក៏មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្ដីវេទនា និងព្រិលនោះ ពីព្រោះសេចក្ដីវេទនានោះជាខ្លាំងក្រៃលែង។
ជំពូក 17
1 ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន
2 ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា
3 ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០
4 សម្លៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានតម្លៃ ហើយនិងកែវមុក្តា ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្ដីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង
5 ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្ដីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង និងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»
6 ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនិងឈាមរបស់ពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង។
7 នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្ដីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនិងសត្វដែលវាជិះនោះ ដែលមានក្បាល៧ និងស្នែង១០ដែរ
8 ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយ៍មក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ
9 នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ
10 ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ
11 រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ
12 ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ
13 ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កម្លាំង និងអំណាចខ្លួនដល់សត្វនោះ
14 គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
15 ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន និងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា
16 ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនិងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង
17 ដ្បិតព្រះទ្រង់បានបណ្តាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត និងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសម្រេច
18 ឯស្ត្រីដែលអ្នកបានឃើញ នោះគឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី។
ជំពូក 18
1 ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី
2 ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម
3 ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។
4 ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ
5 ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា
6 ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង
7 ដែលវាបានតម្កើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្ដីទុក្ខលំបាក និងសេចក្ដីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្ដីសោកសង្រេងឡើយ
8 ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់សោកសង្រេង និងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជម្រះវា ទ្រង់ខ្លាំងពូកែណាស់
9 នោះពួកស្តេចនៅផែនដី ដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញ ហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ
10 គេនឹងឈរពីចម្ងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជម្រះឯងបានសម្រេចក្នុងខណៈតែ១ម៉ោងទេ។
11 ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ
12 ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានតម្លៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានតម្លៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ
13 សម្បុរល្វែង ជ័រល្វីងទេស ទឹកអប់ កំញាន គ្រឿងក្រអូប ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ត ស្រូវសាលី គោ ចៀម សេះ រទេះ ហើយទាំងខ្លួនប្រាណ និងព្រលឹងមនុស្សផង
14 ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស និងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ
15 ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចម្ងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា
16 ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស និងត្បូងមានតម្លៃ ហើយកែវមុក្តាផង
17 ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណៈតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង និងពួកសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចម្ងាយ
18 ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើង ដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ
19 ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណៈតែ១ម៉ោង។
20 ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្ដីជំនុំជម្រះរបស់ឯងរាល់គ្នាហើយ
21 នោះមានទេវតាខ្លាំងពូកែ១រូបបានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទម្លាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទម្លាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ
22 ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចម្រៀង ផ្លុំខ្លុយ និងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ
23 និងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្ដីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង
24 រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា និងពួកបរិសុទ្ធ ហើយនិងឈាមនៃអស់អ្នក ដែលត្រូវគេសម្លាប់នៅផែនដីដែរ។
ជំពូក 19
1 ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ និងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ
2 ដ្បិតសេចក្ដីជំនុំជម្រះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបម្រើរបស់ទ្រង់ ដែលវាបានកម្ចាយ
3 ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ
4 ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា
5 រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបម្រើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ
6 នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ
7 ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច
8 ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ
9 ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ
10 នោះខ្ញុំទម្លាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបម្រើជាមួយនឹងអ្នក ហើយនិងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ ។
11 ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ»ទ្រង់ជំនុំជម្រះ ហើយច្បាំងដោយសុចរិត
12 ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ
13 ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ»
14 អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង
15 មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត
16 ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
17 ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា និងស៊ីលៀងដ៏ធំរបស់ព្រះចុះ
18 ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនិងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា និងខ្ញុំគេ ទាំងអ្នកធំ និងអ្នកតូចផង។
19 ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ បានប្រមូលគ្នា ដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះសនោះ និងពួកពលទ័ពរបស់ទ្រង់ផង
20 សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសម្គាល់របស់សត្វ និងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ
21 ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ។
ជំពូក 20
1 ញុំក៏ឃើញទេវតា១ ចុះពីស្ថានលើមក ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់១យ៉ាងធំនៅដៃ
2 ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង
3 ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច។
4 ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ដល់អ្នកទាំងនោះ ឲ្យជំនុំជម្រះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសម្គាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ
5 តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណៈរស់ឡើងវិញទី១
6 មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណៈរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ។
7 លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ
8 នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ
9 នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនិងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ
10 រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។
11 ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដី និងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
12 នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
13 ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
14 ចំណែកសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២
15 បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ជំពូក 21
1 រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ
2 ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី
3 ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថ របស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ
4 ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ។
5 ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ
6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ
7 ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ
8 តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សម្លាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។
9 ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម
10 នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡឹមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ
11 ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានតម្លៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ
12 ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២
13 នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ
14 កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវករបស់ពួកកូនចៀមទាំង១២នាក់។
15 ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ
16 ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់
17 ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ
18 កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ
19 ជើងកំផែងបានតាក់តែង ដោយត្បូងមានតម្លៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត
20 ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក
21 ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។
22 ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ
23 ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ
24 អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ
25 ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ
26 មនុស្សលោកនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ
27 ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
ជំពូក 22
1 ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម
2 ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សម្រាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា
3 គ្រានោះនឹងគ្មានសេចក្ដីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបម្រើទ្រង់
4 គេនឹងឃើញព្រះភ័ក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ
5 ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបទៅ។
6 ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបម្រើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក
7 មើល អញមកជាឆាប់ មានពរហើយអ្នកណាដែលកាន់តាមសេចក្ដីទំនាយក្នុងគម្ពីរនេះ។
8 គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្ដីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទម្លាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្ដីទាំងនេះ
9 តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបម្រើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។
10 រួចទេវតាប្រាប់មកខ្ញុំថា កុំឲ្យបំបិទ សេចក្ដីទំនាយនៅក្នុងគម្ពីរនេះឡើយ ពីព្រោះពេលកំណត់ជិតដល់ហើយ
11 អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះ នៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល
12 មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ
13 អញជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង
14 មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ
15 ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សម្លាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។
16 អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្ដីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង
17 ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។
18 ខ្ញុំធ្វើបន្ទាល់ដល់អស់អ្នកណា ដែលឮសេចក្ដីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្ដីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្ដីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង
19 ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្ដីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត និងទីក្រុងបរិសុទ្ធ ហើយនឹងសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។
20 ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់ ។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។
21 សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚